កូនខ្ញុំជាកុមាអូទីសឹម
![]() |
យូអុីកូនសំណប់ចិត្ត |
ត្រូវថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
ក្រុងភ្នំពេញ ប្រទេសកម្ពុជា
កូនខ្ញុំជាកុមារអូទីសឹម
សួស្តីមិត្រអ្នកអាននិងអ្នកឪពុកម្តាយទាំងឡាយ
ខ្ញុំជាអ្នកម្តាយម្នាក់ដែលមានកូនស្រីពៅជាកុមារអូទីសឹម។ នាងមានឈ្មោះយូអុី អីឡូវនាងមានអាយុប្រាំបីឆ្នាំ។ តាំងពីកើតមកកូនខ្ញុំមិនដែលសំលឹងមើលភ្នែក ចំណែកកាលលូតលាស់ដូចក្មេងដទៃលើកលែងតែរឿងមួយគឺនាងមានថងទឹកក្នុងខួរក្បាលធំមួយចំហៀងដែលជំងឺនេះអាចធ្វើអោយកុមារមានក្បាលរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃ។ តាំងពីនៅក្នុងពោះប្រាំបីខែរហូតដល់អាយុបីឆ្នាំ ខ្ញុំតែងតែយកនាងទៅមើលអេកូរជារៀងរាល់បីខែម្តងថាថងទឹកនោះរីករឺក៏ស្រកមកវិញ សំណាងល្អពេទ្យថាថងទឹកក្នុងខួរក្បាលនាងត្រលប់ធម្មតាវិញពេលអាយុចន្លោះបីឆ្នាំទៅបួនឆ្នាំ។ កំឡុងពេលបីឆ្នាំជាងកូនខ្ញុំសុខៗតែងតែយំហើយក៏សើចតែម្នាក់អែងដូចមនុស្សខ្មោចចូលអចឹងនាងមិននិយាយទោះត្រចៀកនាងស្តាប់លឺក៏ដោយ នាងនៅមិនចេះស្ងៀមរពឹស ចូលចិត្តរៀបរបស់បន្តុំឡើងលើ បន្ទោលបង់ដាក់ខោមិនប្រាប់ យកកន្ត្រៃកាត់អាវ បោចសក់ខ្លួនអែង គេងយប់ជ្រៅ មិនយល់ថាអំពីគ្រោះថ្នាក់ បោកក្បាល លេងលាមកខ្លួនអែង ជិះម៉ូតូពេលភ្លើងស្តុបចង់លោតពីលើម៉ូតូ មិនស្គាល់ឈ្មោះខ្លួនអែង ហៅធ្វើមិនដឹងអត់មានការឆ្លើយតម មិនលេងជាមួយក្មេងដទៃសូម្បីតែបងស្រី ញុាំរបស់ទាំងអស់រួមទាំងខ្សែរដៃផ្លាកទិនចូលក្នុងពោះ ចូលចិត្តលោតឡើងកន្លែងខ្ពស់ៗ បង្វិលខ្លួន ទះដៃដដែលៗ រលោះចុងដែដដែលៗ និយាយចេកចាច ស្រែក មួម៉ៅអត់មូលហេតុ ដើរចុងជើង អត់ចេះលេងរបស់អោយត្រឹមត្រូវ ខ្លាចសំលេងលឺដូចជា សំលេងស្វានជញ្ជាំង មនុស្សយំ និងមានអាកប្បកិរិយាប្លែកជាច្រើនទៀត។ ម្តាយម្នាក់ដែលមិនយល់ពីកូនខ្លួនអែងសោះពេលកូនយំ រឺ វៃខ្លួនអែងមិនដឹងថាកូនមានរឿងអី មិនដឹងលួងយ៉ាងមិចកាន់តែនិយាយកាន់តែយំ មានតែយំតាមកូន។ ខួរក្បាលខ្ញុំគិតថាមកពីជំងឺក្បាលធំរបស់នាងបានជានាងអចឹងអាណិតកូនតែមិនធ្វើមិចនេះជាពេលវេលាដល់លំបាកនៃជីវិតខ្ញុំ។
សួរពេទ្យកុមារគ្មានចំលើយ ព្រោះពួកគាត់មិនស្គាល់អីទៅអូទីសឹម។ ក្រោយមកមានមិត្តគេនែនាំអោយទៅពេទ្យជ័យជំនះនៅតាខ្មៅ(ពេទ្យចិត្តសាស្ត្រកុមារ)ក្រោយពីបំពេញឯកសារនិងជួបជាមួយពេទ្យសួរសំនួរទាក់ទងនឹងអាប្បកិរិយារួមទាំងការរស់នៅប្រចាំថ្ងៃចំលើយកូនខ្ញុំជាកុមារអូទឺសឹម។
អីគេអូទីសឹម? តើអាចជានឹងត្រលប់ដូចក្មេងធម្មតាទេ? កូនអាចរស់នៅជួយខ្លួនឯងបានទេ?
សំនួរដែលកើតលើខួរក្បាលខ្ញុំ ចំលើយពេទ្យអូទឺសឹមជាពិការភាពផ្នែកខួរក្បាលខាងទំនាក់ទំនងសង្គមនិយាយអោយត្រង់ពេលនោះមិនដឹងថាមានន័យមិចទេ ហើយពេទ្យបន្តរថា មិនអាចជាទេព្រោះជាពិការភាពដូចពិការដៃមិនអាចដុះដៃមកវិញបានទេតែអាចជួយគាត់ខ្លះបាន ពេទ្យនិយាយមិនទាន់ចប់ផងទឹកភ្នែកខ្ញុំធ្លាក់ចុះមកទោះខំទប់យ៉ាងណាបេះដូងខ្ញុំបែកខ្ទេចនិយាយអួលដើមករខ្លោចចិត្តអាណិតកូន។ ខួរក្បាលបានគិតដល់ថ្ងៃដែលខ្ញុំស្លាប់ទៅតែអ្នកណាអាចជួយនាងបាន។ ខ្ញុំជាមនុស្សចូលចិត្តមើលនិងអានដឹងជំងឺជាច្រើន តែអូទីសឹមថ្មីចែសសំរាប់ខ្ញុំ គ្រូពេទ្យបានណាត់ជួយអាទិត្រក្រោយ។ ជិះម៉ូតូដឹកកូនមកផ្ទះវិញយំតាំងពីតាខ្មៅដល់ភ្នំពេញ ដល់កន្លែងធ្វើការយំអស់ពីរអាទិត្រ។ ក្រោយមកបានជួបពេទ្យនៅតាខ្មៅបន្តរបន្ទាប់គាត់ប្រាប់ពីវិធីបង្រៀនកូន។ ចាប់ពីពេលនោះមកខ្ញុំយល់ពីកូនបានច្រើន រួមទាំងស្វែងយល់តាមអិនទែណែតឃើញក្មេងខ្លះអាចប្រលប់មកធម្មតាហើយអ្នកល្បីៗក៏មានពិការអូទីសឹមដែរ។ ពេលនោះកូនខ្ញុំអាយុ ៤ឆ្នាំ ចូល ៥ឆ្នាំហើយ បានរកសាលាជាច្រើនគ្មានសាលាណាទទួលទេ ពេទ្យនៅតាខ្មៅបាននែនាំសាលាឈ្មោះសាលាទន្សាយសំរាប់កុមារអូទីសឹមនិងកុមារមានបញ្ហាផ្សេងទៀត។ ក្រោយមកនាងរៀននៅសាលាទន្សាយតែដោយសារនៅទីនោះមានកុមារអូទីសឹម កុមារដោនសិនរោម និងកុមារខ្សោយបញ្ញាធ្វើកូនពិបាកសំរបខ្លួន ប៉ុន្តែក៏មានចំណែកខ្លះនាងរីកចំរើន។ ក្រោយមកខ្ញុំក៏ឈប់ធ្វើការ ដើម្បីជួយកូននៅផ្ទះ នាងបានប្រសើរឈប់ធ្វើបាបខ្លួនអែង ចេះបន្ទោលបង់ក្នុងបន្ទប់ទឺក ពេលខ្លះនិយាយបាន ចេះបញ្ចេញសំលេងនិងអានអក្សរច្រៀង អាចលេងជាបងស្រី អីឡូវនាងរៀននៅសាលាអប់រំពិសេសសំរាប់ការលូតលាស់នៃកុមារ នាងប្រសើរច្រើន អាចសំលឹងមើលភ្នែក អាចប្រើយករបស់បាន អាចប្រលែងលេង អាចច្រៀងលេងជាមួយបងស្រី អាចនិយាយបានខ្លះ សំរាប់ខ្ញុំ នៅតែមានសង្ឈឹមថាកូនខ្ញុំអាចជួយខ្លួនឯងនៅពេលអនាគតបាន និងចូលរៀនសាលាធម្មតារួមទាំងចេញធ្វើការបាន។
គោលបំណងបង្កើតគេហទំព័រនេះ
ដោយការអប់រំរបស់ឪពុកតាំងពីក្មេងកើតមកធ្វើជាមនុស្សមានប្រយោជន៏សំរាប់សង្គមជាតិ។
ទឹកចិត្តម្តាយម្នាក់ដែលមានកូនអូទីសឹមចង់ជួយសង្គមទាកទង់និងការអប់រំ ចំនេះដឹង ទាំងកុមារអូទីសឹមរឺកុមារធម្មតា។
រឿងដែលខ្ញុំស្តាយបំផុតពេលដឹងកូនអូទីសឹមនៅអាយុប្រាំឆ្នាំបើដឹងបាននៅអាយុមួយឆ្នាំរឺពីរឆ្នាំប្រហែលជាខ្ញុំជួយកូនខ្ញុំបានច្រើនហើយអាចចូលសាលារៀនដូចក្មេងដទៃ។
សង្ឈឹមថាគេហទំព័រនេះនិងជួយអោយឪពុកម្តាយយល់ពីសញ្ញាណអូទីសឹម និង យឺតក្នុងការនិយាយហើយជួយកុមារបានឆាប់ពេលពួកគាត់ក្រោមអាយុបីឆ្នាំ។
ចែករំលែកបទពិសោធន៍ដែលមាននិងចំណេះដឹងបន្តិចបន្តួចសំរាប់សង្គមជាតិ។
ចែករំលែកបទពិសោធន៍ដែលមាននិងចំណេះដឹងបន្តិចបន្តួចសំរាប់សង្គមជាតិ។
បើឪពុកម្តាយដែលមានកូនមានសញ្ញាណដូចខាងលើមានអក្សរក្រហម រឺក៏ឃើញថាកូនមានចរិតចំលឡែកមិនដូចក្មេងផ្សេងដែលមានវ័យដូចគ្នាគាត់ សូមយកទៅ អង្កការCaritas នៅពេទ្យជ័យជំនះ តាខ្មៅ មិនថាក្មេងអូទីសឹម យឺតក្នុងការនិយាយ រឺមានវិបត្តផ្លួវចិត្តស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ឪពុកម្តាយនិងអាណាព្យាបាលហើយទទួលក្តីស្រឡាញ់ដូចក្មេងធម្មតា។
https://www.facebook.com/Caritas-Cambodia-158544700868554/
https://www.facebook.com/Caritas-Cambodia-158544700868554/
សេចក្តីប្រាថ្នា
សូមអោយសង្គមយល់ដឹងច្រើនពីអូទីសឹមអោយតំលៃនឹងអនុគ្រោះដល់កុមារអូទីសឹមក្នុងទីសាធារណះ។
រដ្ឋាភិបាលបង្កើតសាលាសំរាប់អូទីសឹម និងមានអ្នកជំនាញបង្រៀនឪពុកមា្តយកុមារអូទីសឹមអាចជួយនឹងបង្រៀនកូនរួមជួយរកកាងារអោយធ្វើពេលធំឡើង។
ឪពុកម្តាយដែលមានកូនអូទីសឹមរួបរួមគ្នាជួយគ្នាទៅវិញទៅមក។
សូមអោយសង្គមយល់ដឹងច្រើនពីអូទីសឹមអោយតំលៃនឹងអនុគ្រោះដល់កុមារអូទីសឹមក្នុងទីសាធារណះ។
រដ្ឋាភិបាលបង្កើតសាលាសំរាប់អូទីសឹម និងមានអ្នកជំនាញបង្រៀនឪពុកមា្តយកុមារអូទីសឹមអាចជួយនឹងបង្រៀនកូនរួមជួយរកកាងារអោយធ្វើពេលធំឡើង។
ឪពុកម្តាយដែលមានកូនអូទីសឹមរួបរួមគ្នាជួយគ្នាទៅវិញទៅមក។
បើមានកាខុសឆ្គងដោយវាចាអត្ថបទនិងសំណេរសូមអនុគ្រោះផង
ពេលសរសេរនេះគឺម៉ោង៤ទៀបភ្លឺព្រោះស្ងាត់អាចសរសេរពីអាម្មរណ៍បើកូនភ្ញាក់គឺគិតអីមិនចេញទេ។
ម៉ាក់យូអុីដែលស្រឡាញ់កូននិងទទួលខុសត្រូវចំពោះកូន
កូនខ្ញុំជាកុមាអូទីសឹម
Reviewed by Autism Khmer
on
June 15, 2018
Rating:
