ឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ
រឿងព្រេងទាក់ទង់នឹងពាក្យប្រដូចរបស់ខ្មែរថាឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ!
ពាក្យប្រដូចនេះបានបាត់បន្តិចម្តងរហូតដល់សព្វថ្ងៃមិនឃើញមានគេប្រើទៀតទេដើម្បីរំលឹកអោយក្មេងជំនាន់ក្រោយដឹងពាក្យកើតចេញរឿងព្រេងបុរាណមួយដែលចាស់ៗបាននិទានប្រាប់:
កាលព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គទ្រង់ចិញ្ចឹមមេឆ្កែមួយ។
មេឆ្កែនោះតែងតែរើសំនល់ពីព្រះអង្គសោយ
ដែលចោលទៅក្នុងកន្ថោទឹកមួត្រមកបរិភោគៃជានិច្ចរាល់ពេល។
យូរទៅស្រាប់តែមេឆ្កែនោះមានគត៍(មានកូន)លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ហើយឆ្ងាយពីអ្នកភូមិអ្នកស្រុក។
ដល់ពេលមេឆ្កែក៏សម្រាល(កើតកូន)បានជាមនុស្សស្រីពីរនាក់និងប្រុសម្នាក់។
មេឆ្កែខំដើររកចំណីអាហារមកចិញ្ចឹមកូនទាំង៣នាក់ទាល់តែពេលរូបរាង។
មេឆ្កែមានចិត្តព្រួយបារម្ភនឹងកូនពេលណាស់ព្រោះខ្លួនជាសត្វហើយកូនជាមនុស្ស។
តែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារនៅក្នុងភូមិមេឆ្កែតែងព្យាហាមហាមប្រាមកូនទាំងបីមិនអោយចេញទៅលេងឆ្ងាយពីរូងឡើយ
ខ្លាចក្រែងមានមនុស្សដើរមកឃើញស្រឡាញ់ហើយចាប់យកទៅ។
ថ្ងៃមួយព្រះរាជាសោយរាជ្យក្នុងនគរនោះទ្រង់នឹងចង់ចេញទៅប្រពាតព្រៃ(ដើរលេងព្រៃ)ហើយព្រះអង្គទ្រង់បញ្ជាអោយរៀបក្បួនដង្ហែរព្រះអង្គទៅ។
និយាយពីកូនឆ្កែទាំងបីនាក់រាល់ថ្ងៃរៀងមកពេលដែលម្តាយនាងមិននៅមិនដែលចេញទៅលេងខាងក្រៅរូងភ្នំទេតែដោយលឺសំលេងមនុស្សនិងសំលេងភ្លេងធ្វើរអោយកូនស្រីទាំងពីរនាក់ចង់ឃើញហើយក៏បានចេញទៅមើលហើយក៏ជួបនឹងក្បួនស្តេច។
ឯព្រះរាជាលុះទតឃើញនាងស្រីទាំងពីរនាក់នោះមានរូបឆោមសមរម្យល្អណាស់ទ្រង់សព្វព្រះរាជហឬទ័យ(ពេញចិត្ត)យកនាងជាអគ្គមហេសី។ព្រះអង្គទ្រង់អោយហៅនាងមកសួរថា
នាងជាកូនចៅអ្នកណា!បានជាមកនៅក្នុងព្រៃដូច្នេះ។
ចំណែកនាងទាំងពីរក៏ក្រាបទួលកុហកស្តេចថា នាងជាកូនកំព្រានៅតែពីរនាក់បងប្អូនប៉ុណ្ណោះ។
ព្រះរាជាទ្រង់ប្រកាសប្រាប់នាមុឺននឹងពលរេហ៏ថា ទ្រង់លើកនាងទាំងពីរនេះជាអគ្គមហេសី
ហើយទ្រង់ព្រះរាជបញ្ជាអោយរៀបក្បួនត្រឡប់ទៅព្រះរាជរាំងវិញដោយមានព្រទ័យរីករាយជាទីបំផុត។
ចំណែកឯកូនប្រុសរបស់មេឆ្កែនៅពេលដែលលឺសូរសន្ធឹកក្បួនហែរស្តេចមកដល់ជិតភ្នំភ័យណាស់ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនអោយគេឃើញទេ។
លុះក្បួនដង្ហែសេ្តចចេញផុតទៅមេឆ្កែត្រឡប់មកវិញកូនប្រុសក៏ប្រាប់ម្តាយតាមដំណើររឿង។មេឆ្កែនឹកស្តាយនិងអាល័យកូនណាស់ខំរត់តាមក្បួនស្តេចហើយក៏បានទៅទាន់នៅពេលដែលស្តេចសម្រាក់នៅកណ្តាលផ្លូវ។
ដល់ហើយមេឆ្កែខំរត់សំដៅទៅរកកូនស្រីទោះជាត្រូវពួកសេនាដេញដូចម្តេចក៏ពុំព្រមចេះដែល។
ព្រះរាជាទ្រង់ទតឃើញដូច្នោះទ្រង់ត្រាសសួរទៅនាងទាំងពីរនាក់ថា
មេឆ្កែនេះជាចិញ្ចឹមឬដូចម្តេចបានជាវាខំរត់មកតាមដូច្នេះ? ប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេបែរជាទូលថា
មិនដឹងជាមេឆ្កែនេះមកពីណាទេ ។ព្រះអង្គទ្រង់បញ្ជារអោយវាយបណ្តេញមេឆ្កែនោះទាល់តែទ្រម
មេឆ្កែទ្រាំមិនបានក៏ខំរត់ត្រឡប់ទៅរកត្រឡប់រកកូនប្រុសរួចប្រាប់កូនតាមដំណើរ។
កូនប្រុសលឺដូច្នេះក្តៅចិត្តនិងបងស្រីទាំងពីរណាស់
រួចខំរកថ្នាំសង្កូវមើលជំងឺម្តាយទាល់តែសះស្បើយទើបនាំម្តាយដើរទៅរកការងារធ្វើក្នុងភូមិយកលុយគ្រាន់នឹងចិញ្ចឹមម្តាយមិនអោយម្តាយលំបាករកចំណីចិញ្ចឹមខ្លួនដូចមុនទៀតឡើយ។មេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅសុំបម្រើនៅផ្ទះសេដ្ឋីហើយកូនប្រុសនោះខំយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុត។
ពេលយប់មេឆ្កែមិនដែលដេកទេខំដើរមើលផ្ទះសេដ្ឋី។
សេដ្ឋីមានសេចក្តីពេញចិត្តនិងមេឆ្កែហើយនិងបុរសក្មេងនោះណាស់លុះយូរទៅសង្កេតឃើញគំនិតមាយាទក្មេងនោះល្អ
សេដ្ឋីក៏សូមបុរសក្មេងនោះធ្វើជាកូនចិញ្ចឹម។
ពេលបរិភោគបាយម្តងៗបុរសកូនឆ្កែតែងតែចាប់បាយម្ហូបមួយចំណែកទុកជូនម្តាយ
សេដ្ឋីឃើញដូច្នេះនឹកឆ្ងល់ណាស់ក៏ប្រាប់ទៅកូនចិញ្ចឹមថា មិនចាំបាច់ចាប់បាយទុកនោះទេ
ព្រោះឪពុកមិនខ្វះបាយអោយឆ្កែកូនសុីទេ លឺដូច្នេះបុរសកូនឆ្កែជម្រាបទៅេសេដ្ឋីថា
លោកឪពុក កាលដែលខ្ញុំចាប់បាយទុកមួយចំណែកនោះមិនមែនយល់ថាលោកឪពុកខ្វះបាយនោះទេ
ប៉ុន្តែមេឆ្កែនេះចិញ្ចឹមខ្ញុំ
ហើយបានរស់នៅជាមួយខ្ញុំក្នុងគ្រាលំបាកជាយូរឆ្នាំណាស់មកហើយទើបបានជាខ្ញុំដឹងគុណមេឆ្កែនេះ។
យូរបន្តិចមកបុរសកូនាឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជាព្រោះខ្លួនកើតជាប្រុសមិនទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះ។
សេដ្ឋីក៏យល់ព្រមអោយទៅ បុរសកំសត់សុំផ្ញើមេឆ្កែនឹងសេដ្ឋីហើយក៏លាសេដ្ឋីចេញទៅ។
យូរឆ្នាំក្រោយមក
លុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយក៏ត្រឡប់មករកសេដ្ឋីិវិញ។
មេឆ្កែឃើញកូនមកដល់ខំរត់ទៅត្រដុសននៀលនឹងកូនព្រមទាំងបញ្ចេញអាការះអោយឃើញនូវសេចក្តីត្រេកអរជាទីបំផុត។
សេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹមក៏សុំអោយកូនសម្តែងសិល្ប៍ដែលបានទៅរៀននោះអោយខ្លួនបានដឹងផង។
បុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើងរួចបាញធ្វើជាទឺកលត់ភ្លើងនោះទៅទៀត។
លុះឃើញកូនចិញ្ចឹមមានឫទ្ធានុភាពមែន
សេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀងគ្នាលើកូនស្រីអោយធ្វើជាប្រពន្ធ
បុរសកូនឆ្កែនោះតែពុំទាន់រៀបអាពាហ៍ពីពាហ៍នៅឡើយទេ ពីព្រោះបុរសកូនឆ្កែសុំលាសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្តេចអោយធ្វើបាបម្តាយខ្លួននោះសិន។
លុះទៅជិតដល់នគរព្រះមហាក្សត្រដែលជាស្វាមីរបស់បងស្រីខ្លួនហើយបុរសកូនឆ្កែប្រើមនុស្សអោយនាំសារចូលទៅថ្វាយស្តេចអោយលើកទ័ពចេញមកច្បាំងហើយបុរសកូនឆ្កែថ្លែងសរសម្តែងឬទ្ធីអោយឮសូរកក្រើកអស់ទាំងផែនដីប្រឹថពីផ្អើលពួករាស្ត្រប្រជាឆោឡោមិនដឹងជាទៅណាមកណាចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់ៗគ្នា។
ចំណែកឯព្រះមហាក្សត្រលុះបានដំណឹងថាមានអ្នកខ្លាំងពូកែចូលមចង់បង្កសង្គ្រាម
ដូច្នេះព្រះអង្គទ្រង់ភ័យរន្ធត់ពន់ពេកព្រោះព្រះអង្គពុំមានចេះសិល្ប៍វិជ្ជាអ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញពីព្រះរាជរាំងបាត់ទៅ។
ពួកនាមុីនសព្វមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញក៏នាំគ្នាលើករាជសម្បត្តិថ្វាយទៅបុរសកូនឆ្កែអោយឡើងសោយរាជ្យជំនួសព្រះអង្គទៅ។
បន្ទាប់ពីនោះមកសេ្តចកូនឆ្កែក៏និយាយនឹងម្តាយថាខ្លួនចង់ធ្វើអោយម្តាយក្លាយទៅជាមនុស្សដូចគេព្រោះថាបើម្តាយនៅជាភាពឆ្កែដូច្នេះគេមើលអាយណាស់ហើយដូចជាមិនសមរម្យនឹងកូនមនុស្សផង។
មេឆ្កែក៏យលព្រមអោយកូនជប់ខ្លួនទៅជាមនុស្សដូចគេ។
ស្តេចកូនឆ្កែប្រើអោយគេយកឧសមកដុតមេឆ្កែនោះ
ឯសេដ្ឋីមិនបានដឹងរឿងអាណិតមេឆ្កែពន់ពេកក៏ចូលទៅសួរស្តេចកូនថា
ហេតុអ្វីបានជាកូនសម្លាប់ឆ្កែដូច្នេះ? ស្តេចឃើញឪពុកចិញ្ចឹមដូច្នេះក៏ប្រាប់ឪពុកតាមរឿងវិញថា
សូមលោកឪពុកជ្រាបចុះម្តងនេះខ្ញុំលែងលាក់ទៀតហើយ មេឆ្កែនេះជាម្តាយរបស់ខ្ញុំពិត
ខ្ញុំអោយគេដុតគាត់ដើម្បីនឹងជប់គាត់អោយទៅជាមនុស្សវិញកុំអោយមានគេនិន្ទា។
ឯសេដ្ឋីលឺដូច្នោះក៏បែរខ្សឹមនឹងប្រពន្ធ ឯងអើយអញស្មានថាវាជាកូនមនុស្សហើយមានឬទ្ធិមានអំណាចបានខំលើកកូនស្រីអោយធ្វើជាប្រពន្ធវា
អីឡូវវាជាកូនឆ្កែសោះតើឯងគិតដូចម្តេចវិញ? ប្រពន្ធសេដ្ឋីឆ្លើយតបទៅប្តីវិញថា ណ្ហើយអ្នក!
ឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ!។ អំណើក្រោយមកពាក្យនេះ ក៏ជាប់ប្រើរហូតរៀងមក។
អគុរណសំរាប់ការអានរឿងដល់ចប់
.
[full_width]
ឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ
Reviewed by Autism Khmer
on
June 15, 2018
Rating:
