​ទំលាប់​ចោះ​ត្រចៀក​កូនស្រី​ - Autism_Family

​ទំលាប់​ចោះ​ត្រចៀក​កូនស្រី​



រឿងព្រេងនិទាន

ទាក់ទង​នឹង​ទំលាប់​ចោះ​ត្រចៀក​កូនស្រី​


ត្រចៀកវែងនិងក្រវិល

            តាមទំលាប់ពីបុរាណកាលមក ក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់គ្នាទាំងអស់។ រហូត​មកដល់សម័យបច្ចុប្បន្ននេះមិនថាតែក្មេងស្រីទេដែលចោះត្រចៀក​សូម្បីតែយុវរ័យនិងតារាប្រុសៗក៏ពួកគេពេញនិយមចោះត្រចៀកដែល។
ទំលាប់ចោះត្រចៀកនេះមានរឿងព្រេងមួយដំណាលថា:
កាលកន្លងទៅយូរយារណាស់មកហើយ មាន​កុដុម្ពីកម្នាក់ជាអ្នកមានទ្រព្យសម្បតិ្ត​ស្តុកស្តម្ភមានខ្ញុំកំដរស្រី ប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន្តសព្វបែបយ៉ាង។​ កុដុម្ពីកនោះមានចិត្តក្បត់នឹងភរិយារបស់ខ្លួន ហើយមានសហាយស្មន់នឹងស្រីបំរើម្នាក់។ លុះយូរទៅប្រពន្ធដើមដឹងរឿងតែមិនដឹងធ្វើដូចម្តេចនឹងធ្វើបាបនាងស្រីបំរើនោះបាន។ ថ្ងៃមួយកុដុម្ពីកមានដំណើរទៅស្រុកឆ្ងាយពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសី​ដទៃទៀតរបស់ខ្លួនទៅចាប់នាងស្រីជាសហាយរបស់ប្តីនោះធ្វើបាបដោយវាយដំច្រំធាក់ និងជេរបញ្ចោរច្រាលឆ្អេះយ៉ាងខ្លាំងរួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីរ របស់នាងនោះហើយទុកចោលលើផ្ទះនោះទៅ។ លុះវេលាល្ងាចកុដុម្ពីកមកពីស្រុកក្រៅវិញឃើញដូច្នោះក៏សួរទៅនាងសហាយនោះថា យ៉ាងម៉េចបានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?​។​ នាងក៏​ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្តីក៏ដកដែកគោលចេញ រកថ្នាំលាបស្រួលបួលហើយអោយទៅនៅផ្ទះមួយឆ្ងាយពីគ្នា។

            ចាប់តាំងពីថ្ងៃនោះមកនាងសាហាយនោះមានសេចក្តីអៀនខ្មាសនឹងគេជាខ្លាំង ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។​ នាងចេះតែនិយាយនឹងប្តីថាអោយជួយធ្វើយ៉ាងណា ដើម្បីអោយបាត់ស្នាមប្រហោងត្រចៀកនាង។ កុដុម្ពីកធានារ៉ាប់រងថានឹងរកមធ្យោបាយធ្វើអោយបាត់ស្នាមហើយអោយបានល្អទៀតផង។​ នៅយប់មួយកុដុម្ពីកដេកសញ្ជឹងគិតឃើញថាបើអញយកមាសទៅអោយជាងរចនាធ្វើជារបស់អ្វីមួយមានរាងដូចដែកគោល ហើយយកមកអោយនាងពាក់បិទត្រង់រន្ធស្នាមនោះប្រហែល នឹងបានល្អ។ លុះគិតហើយទើបកុដុម្ពីកចាត់អោយជាងធ្វើបានដូចបំណង ដោយបង្គាប់អោយធ្វើមានកញ្ជាំងដាំត្បូងពេជ្ររំលេចដោយក្បាច់រចនាធ្សេងៗ យ៉ាងល្អវិចិត្រគួរអោយចង់បាន។​ នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រក៏ឃើញថាមានសំរស់ប្លែក នាំអោយនាងមានចិត្តរីករាយយ៉ាងក្រៃលែង។

            លុះថ្ងៃក្រោយមកនាងប្រពន្ធដើមបានឃើញត្រចៀកនាង​ ដែលខ្លួនបោះដែលគោលនោះមានពន្លីភ្លឺភ្លេកៗ​ គួរអោយស្រឡាញ់ក៏សួរនាងនោះថា នាងបានអ្វីមកពាក់នៅត្រចៀកនោះ ក៏ល្អម្ល៉េះ? ។ នាងសហាយឆ្លើយថា ខ្ញុំពាក់ដែកគោលមាសដាំត្បូងពេជ្រជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ
នាងប្រពន្ធដើមបានដឹងហើយក៏រកមធ្យោបាយចោះ​ត្រចៀកខ្លួន ហើយអោយជាងធ្វើ​ដែកគោលមាសដាំត្បូងពេជ្រពាក់ដូចនាងប្រពន្ធចុងដែរ។

            ចាប់តាំងពីសម័យនោះមកស្រីៗឯទៀត ក៏នាំគ្នាចោះត្រចៀកកូនស្រីតាំងពីក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗជាប់រហូតមកដល់សព្វថ្ងៃនេះ៕

សូចចុចដើម្បីទទួលវិដេអូជាច្រើនទៀតhttps://youtu.be/5zWzfdCw1qk
​ទំលាប់​ចោះ​ត្រចៀក​កូនស្រី​ ​ទំលាប់​ចោះ​ត្រចៀក​កូនស្រី​ Reviewed by Autism Khmer on June 21, 2018 Rating: 5
Powered by Blogger.