អំពីយើង - Autism_Family

អំពីយើង

យូអុីកុមារអូទីសឹម
ថ្ងៃ៣កើត ខែ​ជេស្ធ បឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២

ត្រូវថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨​
ក្រុងភ្នំពេញ ប្រទេសកម្ពុជា

កូនខ្ញុំជាកុមាអូទីសឹម

សួស្តីមិត្រអ្នកអាននិងអ្នកឪពុកម្តាយទាំងឡាយ

ខ្ញុំជាអ្នកម្តាយម្នាក់ដែលមានកូនស្រីពៅជាកុមារអូទីសឹម។​ នាងមានឈ្មោះយូអុីអីឡូវនាងមានអាយុប្រាំបីឆ្នាំ។តាំងពីកើតមកកូនខ្ញុំមិនដែល សំលឹង​មើលភ្នែក​ចំណែកកាលលូតលាស់ដូចក្មេងដទៃលើកលែងតែរឿងមួយគឺនាងមានថងទឹកក្នុងខួក្បាលធំមួយចំហៀងដែលជំងឺនេះអាចធ្វើអោយកុមារមានក្បាលរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃ។​ តាំងពីនៅក្នុងពោះប្រាំបីខែរហូតដល់អាយុបីឆ្នាំខ្ញុំតែងតែយកនាងទៅមើលអេកូរជារៀងរាល់បីខែម្តងថាថងទឹកនោះរីករឺក៏​ស្រកមកវិញសំណាងល្អពេទ្យថាថងទឹកក្នុងខួរក្បាលនាងត្រលប់ធម្មតាវិញពេលអាយុចន្លោះបីឆ្នាំទៅបួនឆ្នាំ។​ កំឡុងពេលបីឆ្នាំជាងកូនខ្ញុំ​សុខៗតែងតែយំហើយក៏សើចតែម្នាក់អែងដូចមនុស្សខ្មោចចូលអចឹងនាងមិននិយាយទោះត្រចៀកនាង​ស្តាប់លឺក៏ដោយ នាងនៅមិនចេះស្ងៀមរពឹស ចូលរៀបរបស់បន្តុំឡើងលើ បន្ទោលបង់ដាក់ខោមិនប្រាប់ យកកន្ត្រៃកាត់អាវ​ បោចសក់ខ្លួនអែង គេងយប់ជ្រៅ មិនយល់ថាអំពីគ្រោះថ្នាក់ បោកក្បាល លេងលាមកខ្លួនអែង​ ជិះម៉ូតូពេលភ្លើងស្តុបចង់លោតពីលើម៉ូតូ​ មិនស្គាល់ឈ្មោះខ្លួនអែងហៅធ្វើមិនដឹង​អត់មានការឆ្លើយតម​ មិនលេងជាមួយក្មេងដទៃសូម្បីតែបងស្រី ញុំរបស់ទាំងអស់រួមទាំងខ្សែរដៃផ្លាកទិនចូលក្នុងពោះ ចូលលោតឡើងកន្លែងខ្ពស់ៗបងវិលខ្លួន ទះដៃដដែល រលោះចុងដែដដែល និយាយចេកចាច​ ស្រែក មួម៉ៅអត់មូលហេតុ ដើរចុងជើង​ អត់ចេះលេងរបស់អោយត្រឹមត្រូវ ខ្លាចសំលេងលឺដូចជា សំលេងស្វានជញ្ជាំង មនុស្សយំ​ និងមានអាកប្បកិរិយាប្លែកជាច្រើនទៀត។ ម្តាយម្នាក់ដែលមិនយល់ពីកូនខ្លួនអែងសោះពេលកូនយំ រឺ វៃខ្លួនអែងមិនដឹងថាកូនមាន​រឿង​អី មិនដឹងលួងយ៉ាងមិចកាន់តែនិយាយកាន់តែយំ ​មានតែយំតាមកូន។ ខួរក្បាលខ្ញុំគិតថាមកពីជំងឺក្បាលធំរបស់នាងបានជានាងអចឹងអាណិតកូនតែមិនធ្វើមិច​នេះជាពេលវេលាដល់លំបាកនៃជីវិតខ្ញុំ។
សួរពេទ្យកុមារគ្មានចំលើយ ព្រោះពួកគាត់មិនស្គាល់អីទៅអូទីសឹម។ ក្រោមមកមានមិត្តគេនែនាំអោយទៅពេទ្យជ័យជំនះនៅតាខ្មៅ(ពេទ្យចិត្តសាស្ត្រកុមារ)ក្រោយពីបំពេញឯកសារនិងជួបជាមួយពេទ្យសួរសំនួរទាក់ទងនឹងអាប្បកិរិយារួមទាំងការរស់នៅប្រចាំថ្ងៃចំលើយកូនខ្ញុំជាកុមារអូទឺសឹម

អីគេអូទីសឹម? តើអាចជានិងត្រលប់ដូចក្មេងធម្មតាទេ?​ កូនអាចរស់នៅជួយខ្លួនអែងបានទេ?

សំនួរដែលកើតលើខួរក្បាលខ្ញុំចំលើយពេទ្យ អូទឺសឹមជាពិការភាពផ្នែកខួរក្បាលខាងទំនាក់ទំនងសង្គមនិយាយអោយត្រង់ពេលនោះមិនដឹងថាមានន័យមិចទេ​ ហើយពេទ្យបន្តរថា មិនអាចជាទេព្រោះជាពិការភាពដូចពិការដៃមិនអាចដុះដៃមកវិញបានទេតែអាចជួយគាត់ខ្លះបាន ពេទ្យនិយាយមិនទាន់ចប់​ផងទឹកភ្នែកខ្ញុំធ្លាក់ចុះមកទោះខំទប់យ៉ាងណាបេះដូងខ្ញុំបែកខ្ទេចនិយាយអួលដើមករខ្លោចចិត្តអាណិតកូន​។ ខួរក្បាលបានគិតដល់​ថ្ងៃដែលខ្ញុំស្លាប់ទៅតែអ្នកណាអាចជួយនាងបាន។​ ខ្ញុំជាមនុស្សចូលចិត្តមើលនិងអានដឹងជំងឺជាច្រើន តែអូទីសឹមថ្មីចែសសំរាប់ខ្ញុំ គ្រូពេទ្យបានណាត់ជួយអាទិត្រក្រោយ។​ ជិះម៉ូតូដឹកកូនមកផ្ទះវិញយំតាំងពីតាខ្មៅដល់ភ្នំពេញ ដល់កន្លែងធ្វើការយំអស់ពីរអាទិត្រ។​ ក្រោយមកបានជួបពេទ្យនៅតាខ្មៅបន្តរបន្ទាប់គាត់ប្រាប់ពីវិធីបង្រៀនកូន។ចាប់ពីពេលនោះមកខ្ញុំយល់ពីកូនបានច្រើន រួមទាំងស្វែងយល់តាមអិនទែណែតឃើញក្មេងខ្លះអាចប្រលប់មកធម្មតាហើយអ្នកល្បីៗក៏មានពិការអូទីសឹមដែល។ ពេលនោះកូនខ្ញុំអាយុ​ ៤ឆ្នាំ ចូល ៥ឆ្នាំហើយ បានរកសាលាជាច្រើនគ្មានសាលាណាទទួលទេ ពេទ្យនៅតាខ្មៅបាននែនាំសាលាឈ្មោះសាលាទន្សាយសំរាប់កុមារអូទីសឹមនិងកុមារមានបញ្ហាផ្សេងទៀត។ ក្រោយមកនាងរៀននៅសាលាទន្សាយតែដោយសារនៅទីនោះមានកុមារអូទីសឹម​ កុមារដោនសិនរោម និងកុមារខ្សោយបញ្ញាធ្វើកូនពិបាកសំរបខ្លួនប៉ុន្តែក៏មានចំណែកខ្លះនាងរីកចំរើន។ ក្រោយមកខ្ញុំក៏ឈប់ធ្វើការ ដើម្បីជួយកូននៅផ្ទះ នាងបានប្រសើរឈប់ធ្វើបាបខ្លួនអែង ចេះបន្ទោលបង់ក្នុងបន្ទប់ទឺក ពេលខ្លះនិយាយបាន ចេះបញ្ចេញសំលេងនិងអានអក្សរ​ច្រៀង អាចលេងជាបងស្រី អីឡូវនាងរៀននៅសាលាអប់រំពិសេសសំរាប់ការលូតលាស់នៃកុមារ នាងប្រសើរច្រើន​ អាចសំលឹងមើលភ្នែក អាចប្រើយករបស់បាន​ អាចប្រលែងលេង អាចច្រៀងលេងជាមួយបងស្រី​ អាចនិយាយបានខ្លះ សំរាប់ខ្ញុំ នៅតែមានសង្ឈឹមថាកូនខ្ញុំអាចជួយខ្ញុំអែងនៅពេលអនាគតបាននឹងចូលរៀនសាលាធម្មតារួមទាំងចេញធ្វើការបាន។
គោលបំណងបង្កើតគេហទំព័រនេះ

ដោយការអប់រំរបស់ឪពុកតាំងពីក្មេងកើតមកធ្វើជាមនុស្សមានប្រយោជន៏សំរាប់សង្គមជាតិ។ 
ទឹកចិត្តម្តាយម្នាក់ដែលមានកូនអូទីសឹមចង់ជួយសង្គមទាកទង់និងការអប់រំ​ ចំនេះដឹង ទាំងកុមារអូទីសឹមរឺកុមារធម្មតា។
រឿងដែលខ្ញុំស្តាយបំផុតពេលដឹងកូនអូទីសឹមនៅអាយុប្រាំឆ្នាំបើដឹងបាននៅអាយុមួយឆ្នាំរឺពីរឆ្នាំប្រហែលជាខ្ញុំជួយកូនខ្ញុំបានច្រើនហើយអាចចូលសាលារៀនដូចក្មេងដទៃ។ 
សង្ឈឹមថាគេហទំព័រនេះនិងជួយអោយឪម្តាយយល់ពីសញ្ញាអូទីសឹម និង យឺតក្នុងការនិយាយហើយជួយកុមារបានឆាប់ពេលពួកគាត់ក្រោមអាយុបីឆ្នាំ។

បើឪពុកម្តាយដែលមានកូនមានសញ្ញានដូចខាងលើមានអក្សរក្រហម រឺក៏​ឃើញ​ថាកូន​មាន​ចរិក​ចំលែក​មិន​ដូចក្មេងផ្សេងដែលមានវ័យដូចគ្នាគាត់សូមយកទៅ អង្កការCaritas នៅពេទ្យជ័យ​ជំនះ តាខ្មៅ​ មិនថាក្មេងអូទីសឹម យឺតក្នុងការនិយាយ រឺមានវិបត្តផ្លួវចិត្តស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ឪពុកម្តាយនិងអាណាព្យាបាលហើយទទួលក្តីស្រឡាញ់ដូចក្មេងធម្មតា។
https://www.facebook.com/Caritas-Cambodia-158544700868554/

សេចក្តីប្រថ្នា

សូមអោយសង្គមយល់ដឹងច្រើនពីអូទីសឹមអោយតំលៃនឹងអនុគ្រោះដល់កុមារអូទីសឹមក្នុងទីសាធារណះ។
រដ្ឋាភិបាលបង្កើតសាលាសំរាប់អូទីសឹមនិងមានអ្នកជំនាញបង្រៀនឪមា្តយកុមារអូទីសឹមអាចជួយនឹងបង្រៀនកូនរួមជួយរកកាងារអោយធ្វើពេលធំឡើង។
ឪពុកម្តាយដែលមានកូនអូទីសឹមរួបរួមគ្នាជួយគ្នាទៅវិញទៅមក។



បើមានកាខុសឆ្គងដោយវាចាអត្ថបទនិងសំណេរសូមអនុគ្រោះផង
ពេលសរសេរនេះគឺម៉ោង៤ទៀបភ្លឺព្រោះស្ងាត់អាចសរសេរពីអាម្មរណ៍បើកូនភ្ញាក់គឺគិតអីមិនចេញទេ។
ម៉ាក់យួអុីដែលស្រឡាញ់កូននិងទទួលខុសត្រូវចំពោះកូន


អំពីយើង អំពីយើង Reviewed by Autism Khmer on June 15, 2018 Rating: 5
Powered by Blogger.